​ការ​ផ្សះ​ផ្សា​ជាតិ​តាម​រយៈ​ធម្ម​ជាតិ​ (ភាគ​ ៣)

ផ្សាយ​ក្នុង​ផ្នែក ស្នេហា និង ទំនាក់ទំនង ដោយ Pheng Sithan លេខ​កូត sw 118036 អ្នកនិពន្ធ ៖ Mao Chamna

ភាគ​​​៣៖ ដើម​ឈើ​នៃ​ការ​ផ្សះ​ផ្សា​ (ដើម​ឈើ​នៃ​ការ​សុំ​ទោស និង​ ដើម​ឈើ​នៃ​សេចក្តី​ស្រ​លាញ់​)​

JJJJJJJJJJ

 ព្រៃ​​ឈើ​ដើរ​តួ​នាទី​យ៉ាង​សំ​ខាន់​សម្រាប់​​​បរិស្ថាន និង​ សេដ្ឋ​កិច្ច​សង្គម​ជាតិក្នុង​ប្រ​ទេស​កម្ពុ​ជា។​ ជាក់​ស្តែង ​ ការ​​រក្សា​លំ​នឹង​លក្ខខ័ណ្ឌ​ធម្ម​ជាតិ​ ការ​ទាក់​ទាញ​ទឹក​ភ្លៀង ការ​ការ​ពារ​ព្យុះ​ ទឹក​ជំ​នន់  និង​ការ​ទាញ​យក​ប្រាក់​ចំនេញ​​​តាម​រយៈ​ពា​ណិ​ជ្ជ​កម្ម​ឈើ និង​អនុ​ផល​ព្រៃ​ឈើ ដូច​ជា​ ការ​លំ​ហែកាយ​ទេស​ចរណ៍​ធម្មជាតិ​ ឳ​សថ​ និង​ ស្បៀង​​​អា​ហារ​ជា​ដើម​ សុទ្ធ​តែ​ជា​ផល​​ប្រ​យោជន៍​បាន​មក​ពី​ព្រៃឈើ​។​ ​ព្រៃ​ឈើ​អាច​រក្សា​ទៅ​បាន​យ៉ាង​​គង់​វង្ស ​ លុះ​​ណា​តែ​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​រាជ​រដ្ឋា​ភិ​បាល ប្រ​ជា​ជន ​សហ​គមន៍​ វិស័​យ​​ឯ​កជន​ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល។​

ផ្ទុយ​មក​វិញ ​​ឥ​ទ្ធិ​ពល​អា​ក្រក់​បណ្តាល​មក​ពី​​​ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើហួស​ហេតុ​​​ បូក​​រួម​នឹង​ការ​ចូល​រួម​​ថែ​រក្សា ​ ការពារ​មិន​គ្រប់​គ្រាន់  នឹងជះ​​​ត្រ​ឡប់​មក​បរិ​ស្ថាន​​ និង​សេដ្ឋ​កិច្ឋ​សង្គម​វិញ​​  ។​ ឥ​ទ្ធិ​​ពល​អា​ក្រក់​ទាំ​ង​នោះ​​មាន​​ដូច​ជា​ របប​​ទឹក​ភ្លៀង​មិន​​ទៀង​ទាត់ ភាព​សម្បូរ​ហូរ​ហៀរ​នៃ​​កាបូន​ឌី​អុក​ស៊ិត​ជាង​​​អុក​ស៊ី​សែន  ការ​បាត់​ជំ​រក និង ​ការ​ខ្វះ​អនុ​ផល​ព្រៃ​ឈើ ដូច​ជា​ផ្លែឈើ បន្លែ ជ័រឈើ និង​ឳ​សថ​ជា​ដើម។​ ​

ស្រប​​ពេល​នេះ​ដែរ អ្វី​ដែល​ពិ​ភព​លោក​កំ​ពុង​ព្រួយ​បារ​ម្ភ​នោះ​គឺ​ ការ​ការ​ពារ​បរិ​ស្ថាន​ និង​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​បំ​រែ​បំ​រួល​​អា​កាស​ធាតុ។​  ប្រ​ទេស​កម្ពុ​ជា​ ក៏​​មិន​ដាច់​ដោយ​ឡែក​ពី​បណ្តា​ប្រ​ទេស​ដ​ទៃ​ទៀត​លើ​ពិ​ភពលោក​នោះ​ដែរ​។​  មធ្យោ​បាយ​មួយ​ក្នុង​ចំ​ណោម​ មធ្យោ​បាយ​ដ​ទៃ​ទៀត​ក្នុងការ​ការ​ពារ​បរិស្ថាន និង​ការ​ប្រ​ឆាំង​នឹង​បំរែ​បំរួល​​អា​កាស​ធាតុ គឺ​ការ​ដាំ​ដើម​ឈើ​។​  ​ដើម​​ឈើ​ដាំ​កាន់​តែ​ច្រើន​ ការ​កាត់​បន្ថយ​ហានិភ័យ គ្រោះ​ធម្មជាតិ​ក៏​កាន់​តែ​តិច។ ដើម្បី​ឲ្យ​ការ​នេះ​សម្រេច​បាន ​​ ​លុះ​​ណា​តែ​មាន​ការ​ចូល​រួម​ពី​ក្រុម​បុ​គ្គល​ទាំង​លើ ទាំង​ការ​ដាំ​ និង​ការ​ថែ​រក្សា​ ការ​ពារ។

ត្រ​ឡប់​មក​កាន់​ប្រ​ធាន​បទ​នេះ​វិញ ចំ​នង​​ជើង​នៃ​អត្ថ​បទ​នេះ​ គឺ​ការ​ផ្សះ​ផ្សា​ជាតិ​តាម​រយៈ​ធម្ម​ជាតិ។​  ពាក្យ​​ថា ធម្ម​ជាតិ​នា​ពេល​នេះ​ គឺ​សំ​ដៅ​ទៅ​លើ​ការ​ដាំ​ដើម​ឈើ។  ការ​ដាំ​ដើម​ឈើ​នឹង​​​ដើរ​តួ​នាទី​ថ្មី​មួយ​ទៀត​ ក្រៅ​​ពី​​ការ​​ការ​ពារ​បរិស្ថាន និង​ការ​ប្រ​ឆាំង​នឹង​បំរែ​បំរួល​អា​កាស​ធាតុ ។​ នោះ​គឺ​ជា​អ្នក​ផ្សះ​ផ្សា

តើ​ត្រូវ​ផ្សះ​ផ្សា​រវាង​អ្នក​ណា​នឹង​អ្នក​ណា?​  ហេតុ​អ្វី​ក៏​ត្រូវ​ជ្រើ​ស​រើស​យក​ការ​ដាំ​ដើម​ឈើ​មក​ធ្វើ​ជា​ការ​ ផ្សះ​ផ្សា​ទៅ​វិញ?​

ជា​ទូ​ទៅ ការ​ផ្សះ​ផ្សា​ត្រូវ​ធើ្វ​ឡើ​ង​រវាង​អ្នក​ប្រ​ព្រឹត្ត​កំហុស​ និង​ អ្នក​​ដែល​ត្រូវ​គេ​ប្រ​ព្រឹត្ត​ខុសមក​លើ​ខ្លួន​។ ប៉ុ​ន្តែ​ក្នុង​ករណី​នេះ ​នាង​ខ្ញុំ​នឹង​លើក​ឡើង​ពី​ការ​ផ្សះ​ផ្សាជាតិ​​រវាង​​ជន​រង​គ្រោះ និង​ ជន​ដៃ​ដល់​នៃ​របប​ខ្មែរ​ក្រ​ហម​​វិញ​ម្តង។  ក្នុង​រយៈ​ពេល​ត្រឹម​តែ បី​ឆ្នំា ប្រាំ​បី​ខែ ម្ភៃ​ថ្ងៃ វា​បាន​នាំ​មក​នូវ​សោក​នាដ​​កម្ម​ និង​ភាព​សោ​ក​សង្រែង​​ មក​ដល់​ប្រ​​ជា​ជន​ខ្មែរ​មិន​តិច​នាក់​ទេ។ កំ​ហឹង​ ការ​​ឈឺ​ចាប់ និង​ ភាព​សោក​ស្តាយ​បាន​ដក់​ជាប់​ជានិច្ច​នៅ​ក្នុង​អារម្មណ៍​របស់​​​ពួក​គេ​ មិន​ថា​ជា​ ជន​រង​គ្រោះ​ និង​/ឬ​  ជ​ន​​ដៃ​ដល់​នៃ​របប​នោះ​ឡើយ។

រហូត​មក​ទល់​ពេល​​​នេះ គ្មាន​ន​រណា​ ​ម្នាក់​​ឆ្លើយ​​ថា​ ខ្លួន​ជា​ជន​រង​គ្រោះ​ដ៏​ពិត​ប្រា​​កដ​នោះ​ទេ​ ត្បិត​ម្នាក់ៗ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​​ភាព​ខុសៗ​គ្នា។ ការ​គេច​វេស ការ​បង្ខំ​បំភ្លេច និង​ ការ​មិន​អើ​ពើ​មិន​មែន​ជា​មធ្យោ​បាយ​ដ៏​ល្អ​ទេ។​  គួរ​ចង​ចាំ​​ថា មុន​ពេល​ ដែល​ស្លាប់ គួរ​ណាតែ​ស្រាយ​ចំ​ណង​នេះ​ចោល​សិន។​  ការ​ដាំ​ដើម​ឈើ​មួយ​ដើមៗ​ ប្រៀប​ដូច​ជា​ព្រឹត្ត​ការណ៍​ដ៏​ពិ​ សេស​មួយ​បង្ខំ​ឲ្យ​គូ​បដិ​បក្ស​ជួប​មុខ​គ្នា ដើ​ម្បី​​រួម​គ្នា​ស្រាយ​ចំ​ណង​បញ្ហា​ទាំង​ឡាយ​ណា​ ដែល​បាន​ដក់​ជាប់ជា​​យូរ​ យារ​ណាស់​មក​ហើយ​​កាល​ពី​អតីត​កាល​។​

ហេតុ​អ្វី​ក៏​ត្រូវ​ជ្រើ​ស​រើស​យក​ការ​ដាំ​ដើម​ឈើ​មក​ធ្វើ​ជា​ការ​ផ្សះ​ផ្សា​ទៅ​វិញ?​  ហេតុ​អ្វី​ក៏​ ការ​ដាំ​ដើម​ឈើ​ជា​អ្នក​ស្រាយ​កំ​ហឹង​ និង​ស​ម្អប់​រវាង​ភាគី​​ជម្លោះ​ទៅវិញ?

ចម្លើយ​​នោះ​គឺ​ ដើម្បី​ឲ្យ​កិច្ច​ការ​មួយ​នោះ​ក្លាយ​ទៅ​ជា​ការ​ចងចាំ​ដ៏​ល្អ​មួយ​សម្រាប់​មនុស្ស​ជំ​នាន់​ក្រោយ ការ​បង្ការ​មិន​ឲ្យ​ឧ​ក្រិដ្ឋ​កម្ម​នេះ​កើត​ឡើង​សាជា​ថ្មីម្តង​ទៀត​ និង​ ទុក​ជា​គំរូ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ មិន​ឲ្យយក​តម្រាប់​តាម។​

ជន​រង​គ្រោះ​តែង​តែ​ចង់​ឲ្យ​មាន​ទី​ចង​ចាំ​មួយ​ជា​ប្រ​វត្តិ​សា​ស្រ្ត​សម្រាប់​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​ចង​ចាំ​ជា​និច្ច​ថា​ របប​ប្រ​ល័យ​ពូជ​សាសន៍​នេះ​ពិត​ជា​មាន​ប្រា​កដ​មែន និង​ មិន​ចង់​ឲ្យ​មាន​ព្រឹត្ត​ការណ៍​នេះ​កើ​ត​មាន​ជា​ថ្មី​ម្តង ​ទៀត​នៅ​ប្រ​ទេស​កម្ពុ​ជា​ឡើយ។​​ ដូច​ច្នេះ​ ​​ការ​ដាំ​ដើម​ឈើ​​មួយ​ដើម​ៗនឹង​​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ពួក​គាត់។​  ដើម​ឈើ​មួយ​ដើមនឹង​​តំ​ណាង​ឲ្យ​ជី​វិត​​មនុស្ស​ម្នាក់​ដែល​ត្រូវ​គេ​សម្លាប់ ឬ​មនុស្ស​ម្នាក់ដែលបាន​​ស្លាប់ដោយ​ហេតុ​ការណ៍​ណា​មួយ​​ ហើយ ​ដើម​ឈើ​មួយ​ដើម​នោះ​ទៀត​សោត​នឹង​​ចាត់​ទុក​ដូច​ជា​ការ​ក​កើត​នូវ​ជី​វិត​ថ្មី​មួយ​ទៀត​អញ្ចឹង​​។​​  ​អា​យុ​នៃ​​ដើម​ឈើ​នោះ​កាន់​តែ​វែង​​ ការ​ចង​ចាំ​នឹង​កាន់តែ​យូរ។

ដើម្បី​ឲ្យ​​ការ​នោះ​សម្រេច​ទៅ​បាន​ លុះ​ណា​​តែដើម​ឈើ​រាប់​លាន​ដើម​នឹង​ត្រូវ​បាន​ដាំ​ក្នុង​រយៈ​ពេល​ ៣​ ឆ្នាំ​ ៨​ ខែ​ ​២០ ថ្ងៃនៅ​រាល់​ការ​ដា្ឋន​ មន្ទីរ​សន្តិ​សុខ​ វាល​​ពិ​ឃាត​ និង​ ទី​ដែល​ចាំ​បាច់​ក្នុង​ប្រ​ទេស​កម្ពុជា។  អ្នក​ចូល​រួម​សំ​ខាន់​ៗ​​មាន​ជន​រង​គ្រោះ និង​ជន​ដៃ​ដល់​ អម​​ដោយ​រាជ​រដ្ឋា​ភិ​បាល ប្រ​ជា​ជន​ សហ​គមន៍ ​វិស័​យ​​ឯ​កជន​ និង អង្គ​​ការ​ក្រៅ​រដ្ឋា​ភិ​បាល។ សូមចង​ចាំ​ថា​ ដើម​​ឈើ​ទាំង​នោះ​គឺ​​​តំ​ណាង​​ពី​ការ​សុំ​ទោស​ សេច​ក្តី​ស្រ​លាញ់​ និង​ការ​​ផ្សះ​ផ្សា

ជន​ដៃ​ដល់ ឬ​បុ​គ្គល​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​ក៍​បាន​រួម​ចំ​នែក​ បង្កើត​​សោកនាដកម្ម​​ប្រ​ល័យ​ពូជ​សាសន៍​នោះ នឹង​ធ្វើ​ការ​សុំ​ទោស​តាម​រយៈ​ការ​ដាំ​ដើម​ឈើ​ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។​ ដើម​ឈើទាំង​​នោះ​មាន​ឈ្មោះ​ ថា ​ ដើម​ឈើ​នៃ​ការ​សុំ​ទោស។ ក្រោយ​ពេល​ដែល​ឃើញ​ពី​សកម្ម​ភាព​ដោយ​ផ្ទាល់​ពី​​ការ​សុំ​ទោស​​នោះ​ហើយ​ ប្រ​សិន​​ជា​ជន​រង​គ្រោះ​​អាច​អភ័យ​ទោស ឬ​ លើក​លែង​ទោស​​ដល់​បុគ្គល​នោះ​បាន គាត់​គ្រាន់​តែ​យក​ទឹក​មក​ស្រោច​លើ​ដើម​ឈើ​ណា​មួយ​​​តែ​ប៉ុ​ណ្ណោះ​។  នោះ​ជា​សញ្ញា​នៃ​​ការ​ព្រម​ទទួល​យក​ការ​សុំ​ទោស​​​របស់​បុគ្គល​នោះ​ ពោល​គឺ​ការ​​អធ្យា​ស្រ័យ​ ការអភ័យ​ទោស ឬ​​ ការ​លើក​លែង​ទោស​​។ គាត់​ស្រោច​ទឹក​លើ​​ដើ​ម​ឈើ​កាន់​តែច្រើន ការ​រំ​ សាយ​​កំ​ហឹង​ សម្អប់​ និង​ការ​គុំ​គួន​នឹង​ត្រូវ​រលាយ​បាត់​​ក៏​កាន់តែ​ច្រើន​ដែរ។  ​ដើម​​ឈើ​នោះ​​នឹង​មាន​ឈ្មោះ​ថា ដើម​ឈើ​នៃ​ការ​ផ្សះ​ផ្សា។ ​

មិន​តែ​ប៉ុ​ណ្ណោះ ពួក​គាត់​ទាំង​ពី​រ​នឹង​រួម​គ្នា​ ដាំ​ដើម​ឈើ​​ដ​ទៃ​ទៀត ដោយ​សេច​ក្តី​ស្រ​លាញ់​ ក៏ដូច​ជា​​រួម​គ្នា​ថែ​រក្សា​ដោយ​សាម​គ្គី​ភាព​ ពោល​គឺ​​ រហូត​ចាស់​ស្លាប់​រៀង​ៗ​​ខ្លួន។​ ផ្ទុយ​មក​វិញ ប្រ​សិន​ជា​​​គាត់​នៅ​តែ​មិន​អាច​អា​ធ្យា​ស្រ័យ​ ឬ​ អភ័យ​ទោស ឬ ​លើ​ក​លែង​ទោស​​បាន​ ពួក​​គាត់​នឹង​ត្រូវ​ដាំ​ដើម​ឈើ​​ដាច់​ដោយ​ឡែក​មួយ​ទៀត​​ដែរ។​ ដើម​ឈើ​នេះ​មាន​ឈ្មោះ​ថា ដើម​ឈើ​នៃ​សេច​ក្តី​ស្រ​លាញ់។  គាត់ព្រម​​ដាំ​ដើម​ឈើ​​​ គឺ​ដោយ​សារ​តែ​សេច​ក្តី​ស្រ​លាញ់​របស់​គាត់ ​ចំ​ពោះ​កូន​ចៅ​ជំ​នាន់​ក្រោយ​ដែល​​នឹង​ប្រ​ឈម​មុខ​នឹង ​ឥទ្ធិពល​អា​ក្រក់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើហួស​កំណត់​។  ​មិន​តែ​ប៉ុណ្ណោះ​ នេះ​ក៏​ជា​សេ​ចក្តី​​ស្រ​លាញ់​ចំ​ពោះ​បរិ​ស្ថាន​ និង​ សេដ្ឋ​កិច្ច​សង្គម​ជាតិ​ក្នុង​ប្រ​ទេស​កម្ពុ​ជាដែរ​។ ពោល​គឺ​​ ចូល​រួម​ជា​មួយ​រាជ​​រដ្ឋា​ភិ​បាល​ក្នុង​ការ​ការ​ពារ​បរិ​ស្ថាន និង​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​​បំ​រែ​បំ​រួល​អា​កាស​ធាតុ។

ដើ​មឈើ​រាប់​លាន​ដើម​​ដែល​តំ​ណាង​ពី ​ការ​សម្លាប់​យ៉ាង​រង្គាល និង​ ការ​ស្លាប់​បាត់បង់​ជី​វិត​របស់​ប្រ​ជា​​ជន​​ស្លូត​ត្រង់​នឹង​ដើរ​តួ​នា​ទី​បង្ការមិន​ឲ្យ​សោ​កនាដ​កម្ម​នេះ​កើ​ត​មាន​ជា​ថ្មី​ម្តង​ទៀតនៅ​ប្រ​ទេស​កម្ពុ​ជា​។​

រយៈ​ពេ​ល​បី​ឆ្នាំ​ ប្រាំ​បី​ខែ​ ម្ភៃ​ថ្ងៃ​មិន​ត្រឹម​តែ​តំ​ណាង​នូវ​សោក​នាដកម្ម​មួយ​មុខ​ប៉ុ​ណ្ណោះ​ទេ ប៉ុ​ន្តែ​វា​នឹង​ក្លាយ​​ទៅ​ជា​ការ​ផ្សះ​ផ្សា​ជា​ប្រ​វត្តិ​សា​ស្រ្ត​របស់​ប្រ​ទេស​កម្ពុ​ជា។​

សូម​រង់​ចាំ​ភាគ​បន្ត។

សូម​អរគុណ។

និ​ពន្ធ​ដោយ​ ម៉ៅ​ ចំ​ណារ​ (Jasmina)

 ———————————————–

Essay competition in the ​ http://news.sabay.com.kh/sabay-writer

Advertisements

One thought on “​ការ​ផ្សះ​ផ្សា​ជាតិ​តាម​រយៈ​ធម្ម​ជាតិ​ (ភាគ​ ៣)

  1. “National Reconciliation through nature” is a personal idea in using the tree planting to become the symbol of peace and reconciliation between the victims of the Khmer Rouge regime and the former soldiers Khmer Rouge in Cambodia.

    I hope that you would support this idea and participate in sharing to other and advice on how to make it become true.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s