ពល​រដ្ឋ​ចោទ​ក្រុមហ៊ុន​វៀតណាម​លួច​កាប់​ឈើ​នៅ​តំបន់​ព្រៃឡង់

ពល​រដ្ឋ​ចោទ​ក្រុមហ៊ុន​វៀតណាម​លួច​កាប់​ឈើ​នៅ​តំបន់​ព្រៃឡង់.

សង្ខេប​៖

 កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រុម​សហគមន៍​បាន​ចុះ​ឃ្លាំ​មើល​សកម្ម​ភាព​លួច​កាប់​ឈើ​នៅ​ក្នុង​ព្រៃឡង់់​ជាប់​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ធំ សង្កេត​ឃើញ​មាន​សកម្ម​ភាព​អារ​រំលំ​ឈើ​មួល នៅ​ក្នុង​ព្រៃ​ចំណុច​អូរជាំវិល អូរ​ឆ្នូ និង​អូរ​ច្រោក នៅ​ចម្ងាយ​ប្រមាណ ៣​គីឡូ​ម៉ែត្រ​ពី​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​សម្បទាន ស៊ីអរ​ស៊ីខេយោង​តាម​លោក ហឿន សុភាព​(សមាជិក​បណ្ដាញ​ព្រៃឡង់​ខេត្ត​កំពង់ធំ)។​

លោក​បន្ត​ថា ឈើ​ដែល​គេ​អារ​រំលំ​រួច​ហើយ ត្រូវ​បាន​រថយន្ត​អម​ដោយ​ក្រុម​ប្រដាប់​អាវុធ​ជា​អ្នក​ការ​ពារ​ដឹក​ជញ្ជូន​ឈើ​នោះ នៅ​វេលា​យប់​ចូល​រោង​អារ​ឈើ​មួយ ដែល​មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​សម្បទាន ស៊ីអរ​ស៊ីខេ ហើយ​អារ​ច្រៀក​ដឹក​ជញ្ជូន​ចេញ​តាម​ផ្លូវ​មក​ស្រុក​សណ្ដាន់ ឆ្ពោះ​មក​ខេត្ត​កំពង់ធំ ៖ “គេ​ដឹក​ឡាន​អា​រ៉េវ ហើយ​ក្នុង​នោះ​មាន​មួយ​ក្រុម​គេ​មាន​គ្នា​បី បួន ប្រាំ​នាក់ មាន​កាំភ្លើង​ពីរ​ដើម។ បាទ​គេ​កាប់​ក្រៅ​ព្រៃ​សម្បទាន ហើយ​គេ​ដឹក​ចូល​ស៊ី​អរ​ស៊ី​ខេ ចម្ការ​កៅស៊ូ​នោះ”

ប្រជា​សហគមន៍​តំបន់​ព្រៃឡង់​ខេត្ត​កំពង់ធំ​អះអាង​ថា ឈើ​មូល​នៅ​ក្នុង​តំបន់​ព្រៃឡង់​នៅ​តែ​មាន​គេ​លួច​កាប់ ហើយ​ដឹក​ជញ្ជូន​ចូល​ដី​សម្បទាន​ក្រុមហ៊ុន​វៀតណាម ស៊ីអរ​ស៊ីខេ (CRCK)។

​ចំ​ពោះ​ក្រុម​ហ៊ុន​នេះ​ មិន​មាន​មន្ត្រី​អាជ្ញាធរ​ណា​ផ្ដល់​ព័ត៌មាន​ពី​អាសយដ្ឋាន​ទំនាក់​ទំនង​តំណាង​ក្រុមហ៊ុន​ស៊ីអរ​ស៊ីខេនេះ​ឡើយ។​

អភិបាល​រង​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន បាន​មាន​ប្រ​សាសន៍​ថា ក្រុមហ៊ុន​ស៊ីអរ​ស៊ី​ខេ មិន​មាន​ជាប់​ទាក់​ទិន​ដូច​ការ​ចោទ​របស់​ពល​រដ្ឋ​នោះ​ទេ ពី​ព្រោះ​មាន​ក្រុមហ៊ុន​ផ្សេង​មួយ​ទៀត​បាន​ទទួល​អាជ្ញាប័ណ្ណ​ប្រមូល​ឈើ​នៅ​ក្នុង​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ស៊ីអរ​ស៊ីខេ ៖ “ប្រសិន​ជា​មាន​ក្រៅ​ក្រុមហ៊ុន​ស៊ីអរ​ស៊ីខេ ខ្ញុំ​យល់​ថា ប្រហែល​ជា​ក្រុមហ៊ុន​ដែល​ដេញ​បាន​ព្រៃគប់ សិទ្ធិ​មួយ​ឆ្នាំ​ម្ដង។ បើ​ក្នុង​ក្រុមហ៊ុន​ស៊ីអរ​ស៊ីខេ ជា​អ្នក​ប្រមូល​ឈើ​ឈរ ប៉ុន្តែ​អា​ហ្នឹង​ខ្ញុំ​មិន​បាន​តាម​ដាន​ទេ ពី​ព្រោះ​ជំនាញ​គេ​តាម​ដាន​ជាង”

“ឈើ​មូល​រាប់​សិប​ឡាន ពិត​ជា​ត្រូវ​គេ​កាប់​ពី​តំបន់​ព្រៃឡង់ក្រៅ​បរិវេណ​ដី​សម្បទាន ហើយ​ដឹក​ចូល​រោង​ចក្រ​អារ​ឈើ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ស៊ីអរ​ស៊ីខេ ដោយ​បំពាន​ច្បាប់​ក្នុង​មួយ​យប់ៗ។ លោក​បន្ត​ថា ក្រុម​អ្នក​លូច​កាប់​ឈើ​នេះ បាន​ប្ដូរ​រូប​ភាព​ឈប់​កាប់​ឈើ​គរ​ទុក​ដូច​មុន​ហើយ គឺ​ឈើ​ត្រូវ​ដឹក​ជញ្ជូន​ចូល​រោង​ចក្រ​អារ​ឈើ​អស់ បន្ទាប់​កាប់​រំលំ​រួច ពីព្រោះ​ខ្លាច​ក្រុម​សហគមន៍​រក​ឃើញ​គំនរ​ឈើ​ក្នុង​ព្រៃ ហើយ​នាំ​គ្នា​ដុត​ចោល ៖ “ជា​ទូទៅ​ក្នុង​មួយ​យប់ៗ កាប់​ឈើ​មូល​ចេញ​ពី​ព្រៃឡង់​ដែល​ជា​តំបន់​ព្រៃ​ឈើ​គ្រប់គ្រង​ដោយ​រដ្ឋ​ជា​ប្រភេទ​ដូង​ថែម និង​ឈើ​ជ័រ​ចុង ឈើ​ទាល។ កាប់​ហើយ​ដឹក​ឈើ​ហ្នឹង​ផ្ទាល់ ឈើ​មូល​យក​មក​អារ​ឈើ​ក្នុង​រោង​ចក្រ​ស៊ីអារ​ស៊ីខេ ហ្នឹង ព្រោះ​យើង​ដឹង​ថា រោង​ចក្រ​ហ្នឹង​មាន​ម៉ាស៊ីន​អារ​ឈើ​ធំៗ ចំនួន​បួន​គ្រឿង” ​យោង​តាម​សេចក្ដី​រាយ​ការណ៍​របស់​សាក្សីមក​កាន់​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

យ៉ាង​នេះ​ក្ដី តំណាង​សហគមន៍​ឲ្យ​ដឹង​ថា ការ​កាប់​ឈើ​នៅ​ព្រៃឡង់​នោះ មិន​មែន​មាន​តែ​ក្រុមហ៊ុន​សម្បទាន​ទេ។ ក្រៅ​ពី​ក្រុមហ៊ុន​សម្បទាន​ក៏​មាន​ក្រុមហ៊ុន​ព្រៃគប់ និង​ក្រុម​កាប់​ឈើ​អានាធិបតេយ្យ មាន​បុគ្គល​ជា​កង​កម្លាំង អ្នក​មាន​អំណាច និង​ប្រជា​ពល​រដ្ឋ​នៅ​មូលដ្ឋាន​នោះ​ទៀត​ផង។​

នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​មករា ឆ្នាំ​២០១២ ប្រជា​ពល​រដ្ឋ​សហគមន៍​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ

បាន​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ចាត់​វិធានការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​បន្ត​លូច​កាប់​ឈើ​មូល​ពី​ក្នុង​ព្រៃឡង់។

—————————————–

 

 

 

One thought on “ពល​រដ្ឋ​ចោទ​ក្រុមហ៊ុន​វៀតណាម​លួច​កាប់​ឈើ​នៅ​តំបន់​ព្រៃឡង់

  1. ព្រៃ​ឡង់​នឹង​ត្រូវ​រលាយ​​ ដោយ​សារ​អ្នក​គិត​តែ​ពី​ប្រ​យោជន៍​ខ្លួន​ឯង។​ ទៅ​អនា​គត​កាល​ កូន​ចៅ​របស់​ពួក​គេ​នឹង​មិន​អរគុណ​ចំ​ពោះ​ដូន​តា​របស់​ខ្លួន​ឡើយ ពី​ព្រោះ​ផល​អា​ក្រក់​ដែល​គេ​បាន​ទទួល​ពី​បំ​រែ​បំ​រួល​អា​កាស​ធាតុ​ គឺ​ធំ​ធេង​ជា​ង​ផល​ចំ​នេញ​ពី​ព្រៃ​មួយ​ក្តាប់​តូច​នេះ​ទៅ​ទៀត។​

Leave a comment